ការណែនាំបង្ហាញករណីទទួលយក ការណែនាំបង្ហាញករណីទទួលយក 

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

CASE17វិស័យភោជនីយដ្ឋានក្រុមហ៊ុន Lifetechnoservice. Co.

កម្រិតខ្ពស់នៃឆន្ទៈក្នុងការត្រៀមសិក្សាម៉ឺនុយ មានប្រសិទ្ធភាពភ្លាមៗ

ព័ត៌មានអំពីក្រុមហ៊ុន
  • ប្រភេទអាជីវកម្ម:សេវាថែទាំ សេវាថែទាំតាមផ្ទះ (ក្នុងផ្ទះ ការអញ្ជើញមកថែទាំ ការថែទាំដោយចុះទៅតាមផ្ទះ) ការជួលឧបករណ៍សុខុមាលភាព ការលក់ឧបករណ៍សុខុមាលភាព។ល។
  • ចំនួនបុគ្គលិក:ប្រមាណ៣០០នាក់
  • ចំនួនពលករជំនាញជនបរទេសត្រូវទទួល:១៤នាក់ (សម្រាប់តែវិស័យសេវាកម្មម្ហូបអាហារ។ វៀតណាម៩នាក់ ហ្វីលីពីន៥នាក់ មីយ៉ាន់ម៉ា០នាក់ ឥណ្ឌូនេស៊ី០នាក់)

ការផ្តល់អាហារទៅតាមអ្នកប្រើប្រាស់សេវាកម្ម

ក្រុមហ៊ុនរបស់យើងបានទទួលយកពលករជំនាញជនបរទេស ប្រហែល ៣ ឆ្នាំមកហើយ។ ក្រៅពីវិស័យសេវាកម្មម្ហូបអាហារ យើងក៏កំពុងជួលនៅក្នុងផ្នែកថែទាំ និងសម្អាតអគារផងដែរ ហើយបច្ចុប្បន្នពលករជំនាញជនបរទេសប្រហែល ១០០ នាក់កំពុងធ្វើការនៅ ៩ កន្លែង (រួមទាំងស្ថាប័នប្រតិបត្តិការដោយសាជីវកម្មជាក្រុម)។ ពេលដែលយើងខ្ញុំបានជួលដំបូង យើងខ្ញុំមានការព្រួយបារម្ភបន្តិចថា តើអ្នកប្រើប្រាស់សេវាកម្មដែលមានវ័យចំណាស់មានប្រតិកម្មចំពោះពលករជំនាញជនបរទេសយ៉ាងណា ប៉ុន្តែបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងភាពសកម្មសម្រាប់ការងារ ត្រូវបានគេវាយតម្លៃខ្ពស់ ហើយឥឡូវនេះ ពួកគេត្រូវបានអ្នកប្រើប្រាស់ពេញចិត្ត ដែលហាក់ដូចជាចៅប្រុសចៅស្រី។

ចំពោះពលករជំនាញជនបរទេសក្នុងវិស័យសេវាកម្មម្ហូបអាហារ ភាគច្រើនធ្វើម្ហូប និងតប់តែងអាហារសម្រាប់ផ្តល់ជូនដល់អ្នកប្រើប្រាស់សេវាកម្ម ក្នុងនោះមានការងារប្តូរម្ហូបអាហារទៅជាទំហំតាមមាត់ មានភាពរលោង ហាន់តូចៗ ក្រឡុកជាដើម ដើម្បីស្របទៅតាមសមត្ថភាពលេប និងស្ថានភាពរាងកាយ ព្រមទាំងការឆែកមើលវត្ថុធាតុដើមម្ហូបដែលមានអាឡែស៊ី។ បន្ថែមពីលើការធ្វើម្ហូប ក៏ផ្តល់ការងារបម្រើអតិថិជនមួយចំនួនដូចជា ការយកម្ហូបជូនភ្ញៀវ និងប្រមូលចាន និងការងារគ្រប់គ្រងហាងដូចជា ការត្រួតពិនិត្យគ្រឿងផ្សំ និងការបំពេញបន្ថែមនូវសម្ភារៈប្រើប្រាស់ជាដើមផងដែរ។

ច្នៃប្រឌិតក្នុងការបង្ហាញ ដើម្បីងាយស្រួលផ្តល់ព័ត៌មានដោយមើលឃើញ

សម្រាប់បុគ្គលិកបរទេស អាហារជប៉ុនដែលបម្រើនៅស្ថាប័ននោះ មិនសូវស្គាល់ច្បាស់ទេ។ ជាឧទាហរណ៍ នៅពេលបម្រើ “ជិរ៉ាស៊ី ស៊ូស៊ី” យើងអាចយល់បានភ្លាមៗថា “គិនស៊ី តាម៉ាហ្គុ” គឺជាអ្វីដែលត្រូវដាក់ពីលើ ប៉ុន្តែជនបរទេសដែលមិនដែលឃើញម្ហូបនោះ ត្រូវតែទន្ទេញវាតាំងពីដំបូង។ ដូច្នេះហើយ ពួកគេពិនិត្យមើលបញ្ជីមុខម្ហូបជាមុន ហើយប្រសិនបើមានមុខម្ហូបដែលពួកគេមិនស្គាល់ ពួកគេខិតខំប្រឹងប្រែងសិក្សានៅលើអ៊ីនធឺណិត។ មានកំហុសខ្លះនៅដើមដំបូង ប៉ុន្តែដោយសារឆន្ទៈខ្ពស់របស់ពួកគាត់ និងការណែនាំពីបុគ្គលិកជប៉ុន ការយល់ដឹងរបស់ពួកគាត់បានរីកចម្រើន។

ភាគីយើងខ្ញុំដែលជាអ្នកទទួលជួលពួកគាត់ក៏បានប្តូរផ្លាកសញ្ញាក្នុងផ្ទះបាយទៅជា ហ៊ីរ៉ាហ្កាណា ជាដើម ដើម្បីបង្កើតបរិយាកាសងាយស្រួលសម្រាប់ជនបរទេសមកធ្វើការ។ យើងបានប្រើស្ទីគ័រក្រហមដើម្បីពន្យល់ពីរបៀប ”ចុចប៊ូតុងពណ៌ក្រហម” ក្នុងដំណើរការការងារ និងរួមបញ្ចូលរូបគំនូរលើចានដែលអមជាមួយអាហារអ្នកប្រើប្រាស់សេវាកម្ម ដែលធ្វើឱ្យកាត់បន្ថយការធ្វើកំហុស។

យូកាតា ជាកាដូសម្រាប់ពិធីបុណ្យរដូវក្តៅ

ដោយសារអ្នកប្រើប្រាស់សេវាកម្មជាច្រើនមិនសូវស្គាល់ភាសាបរទេស ភាសាជប៉ុនត្រូវបានគេប្រើនៅទូទាំងកន្លែង។ អាស្រ័យហេតុនេះ យើងកំពុងផ្តោតលើការអប់រំភាសាជប៉ុន ដូចជាការបើកថ្នាក់រៀនភាសាជប៉ុនម្តងក្នុងមួយសប្តាហ៍ក្នុងម៉ោងធ្វើការ។ ដើម្បីលើកទឹកចិត្តពួកគេឱ្យប្រឡងតេស្តសមត្ថភាពភាសាជប៉ុន យើងមានប្រព័ន្ធរង្វាន់ ៣០០០០ យ៉េនសម្រាប់ការប្រឡងជាប់ N3, ៨០០០០ យ៉េនសម្រាប់ការប្រឡងជាប់ N2 និង ១២០០០០ យ៉េនសម្រាប់ការប្រឡងជាប់ N1។

សម្រាប់លំនៅដ្ឋាន លំនៅដ្ឋានរបស់ក្រុមហ៊ុនត្រូវបានផ្តល់ទៅតាមទីក្រុងណាដែលមានស្ថាប័នរបស់យើងស្ថិតនៅ។ កាលពីមុន យើងធ្លាប់ផ្តល់បន្ទប់មួយប្រើរួម ប៉ុន្តែបើគិតពីការពិតដែលថាម៉ោងធ្វើការខុសគ្នាអាស្រ័យលើប្រភេទការងារ ឥឡូវនេះបុគ្គលិកទាំងអស់គ្នាមានបន្ទប់ឯកជន។ នៅក្នុងលំនៅដ្ឋានរបស់ក្រុមហ៊ុន Wi-Fi គឺឥតគិតថ្លៃ ដើម្បីឱ្យពួកគេអាចទំនាក់ទំនងយ៉ាងងាយស្រួលជាមួយគ្រួសាររបស់គេនៅក្នុងប្រទេសកំណើត។ លើសពីនេះ យើងផ្តល់ ”យូកាតា” ដល់បុគ្គលម្នាក់ៗជាអំណោយ ព្រោះយើងខ្ញុំចង់ឱ្យពួកគេទទួលបានបទពិសោធន៍ពីវប្បធម៌ជប៉ុន។ នៅឯពិធីបុណ្យរដូវក្តៅរបស់ស្ថាប័នយើង យើងរីករាយដែលបានឃើញពួកគាត់កម្សាន្តសប្បាយក្នុងការលេងល្បែងបាញ់គោលដៅ ឬការបោះកងទៅគោលដៅ ក៏ដូចជាចូលរួមរាំ Bon Odori ជាដើម ដោយស្លៀកពាក់ យូកាតា ដែលជាភាពកម្សាន្តប្រពៃណីនៅក្នុងរដូវក្តៅនៅប្រទេសជប៉ុន។

មតិយោបល់របស់ពលករជំនាញបរទេស

ខ្ញុំសាកល្បងធ្វើម្ហូបជប៉ុននៅផ្ទះ

នាង ង្វៀន ធីហៀន (NGUYEN THI HIEN)

តាំងពីខ្ញុំនៅវៀតណាមមក ខ្ញុំបានចាប់អារម្មណ៍លើម្ហូបជប៉ុន ហើយតាមរយៈការងាររបស់ខ្ញុំ ខ្ញុំបានរៀនមុខម្ហូបជាច្រើនមុខ ដូចជា ហ្គ្យឺដុង ស្ងោដំឡូងបារាំង និង មីសូស៊ុប។ ខ្ញុំចង់ទៅធ្វើការនៅប្រទេសជប៉ុនយូរអង្វែង ហើយបើកភោជនីយដ្ឋានជប៉ុនទៅថ្ងៃអនាគត។

ខ្ញុំសប្បាយចិត្តពេលទទួលពាក្យថា "ឆ្ងាញ់"

នាង ង្វៀន ធីហុង (NGUYEN THI HUNG)

ក្នុងអំឡុងពេលធ្វើការ ខ្ញុំយកចិត្តទុកដាក់ជាពិសេសទៅលើការតុបតែង និងការគ្រប់គ្រងអនាម័យ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលខ្ញុំត្រូវបានអ្នកប្រើប្រាស់សេវាកម្មសរសើរថា ”ឆ្ងាញ់”។ ការពាក់យូកាតាក្នុងពិធីបុណ្យរដូវក្តៅក៏ជាការចងចាំដ៏ល្អផងដែរ។

ការណែនាំពីឧទាហរណ៍ករណីល្អប្រសើរ

យើងនឹងណែនាំបង្ហាញក្រុមហ៊ុនដែលទទួលយកជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ និងសំឡេងរបស់ជនបរទេសដែលមានទិដ្ឋាការសមត្ថភាពជំនាញជាក់លាក់ដែលបំពេញការងារល្អនៅទីនោះ។

វិស័យផលិតកម្មចំណីអាហារនិងភេសជ្ជៈ

次へ
前へ

វិស័យភោជនីយដ្ឋាន

next
prev

ទំនាក់ទំនងសាកសួរព័ត៌មានម៉ោងធ្វើការ ថ្ងៃធ្វើការម៉ោង10:00〜17:30
(លើកលែងថ្ងៃសៅរ៍អាទិត្យ ថ្ងៃបុណ្យជាតិ ថ្ងៃចុងនិងដើមឆ្នាំ)

  • ការិយាល័យប្រឹក្សាយោបល់សម្រាប់ធនធានមនុស្សជាជនបរទេស* ចំពោះការសាកសួរព័ត៌មាន សូមប្រើប្រាស់អ៊ីមែល។